• 2022-08-15 23:40:18
  • បាល់ទាត់

Spurs ​និង AIA យកថវិកា ៤ម៉ឺន​ដុល្លារ​ជូន​អង្គការ​ផ្កាយ​សមុទ្រ​​ថ្ងៃ​ផ្តាច់ព្រ័ត្រ ​AIA-ISF Grand Championship Leauge

  • 2022-08-15 23:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ Tottenham Hotspur និង​ក្រុម​ហ៊ុនធានារ៉ាប់រង​អាយុជីវិត AIA បាន​នាំ​យក​ថវិកា​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក​​ផ្ដល់​ជូន​​​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​បាល់ទាត់​ កុមារ​ និង​យុវជន​ AIA - ISF Grand Championship League ​​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី១៤ ខែ​សីហា ឆ្នាំ​២០២២ ដែល​បាន​រក​ឃើញ​ជើង​ឯក​អស់​ហើយ ​ដោយ​ការ​ប្រកួត​​ធ្វើ​ឡើង​នៅ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ​ បន្ទាប់​ពី​មាន​ការ​សហការ​​គ្នា​រៀបចំ​​ដោយ អង្គការ​ផ្កាយសមុទ្រ (ISF) និង​ក្រុមហ៊ុន AIA Cambodia ។

ក្លឹប​បាល់ទាត់ Tottenham Hotspur មាន​ក្តី​សោមនស្ស​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​ជា​ព័ត៌មាន​ថា​ក្លឹប បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៤០,០០០ ដុល្លារ​អាមេរិក​ដល់​អង្គការ​ផ្កាយ​សមុទ្រ ជា​អង្គការ​ក្រៅ រដ្ឋាភិបាល​មួយ ដែល​ប្តេជ្ញា​ចិត្តក្នុង​ការផ្លាស់​ប្តូរ​ជីវិត​កុមារ និង​យុវជន​ក្រីក្រ ។

ចំនួន​ថវិកា​នេះ​គឺ​ដូចគ្នា​ទៅ​នឹង​ការ​ឧបត្ថម្ភ​គាំទ្ររយៈ​​​ពេល​មួយ​ឆ្នាំ​ពេញ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង អាយុជីវិត​ AIA ​ដែលជា​ ដៃ​គូ​អន្តរជាតិ​របស់​ក្លឹប​បាល់ទាត់​នេះ និ​ង​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដ៏​យូរ​អង្វែង​ របស់​អង្គការ​ផ្កាយ​សមុទ្រ ​ដែល​និមិត្ត​សញ្ញា​របស់​អង្គការ​នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ផ្ទៃ​ខាង មុខ​អាវ​កីឡាករ​ពាក់​ប្រកួត ក្នុង​ការ​ប្រកួត​បាល់​ទាត់ Premier League កាល​ពី​ខែ​ឧសភា ឆ្នាំ​​២០២១ កន្លងទៅ ។

ថវិកា​ទទួល​បាន​ពី​ការ​បរិច្ចាគ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​ក្រីក្រ​អាយុ​ ចន្លោះ​ពី​៨ ដល់​១១ឆ្នាំ ដែល​កំពុង​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ឲ្យ​ទទួល​បាន​ឱកាស​ រៀន​សូត្រ​ ដែល​កុមារ​ក្រីក្រ​ភាគ​ច្រើន​ត្រូវ​ឈប់​រៀន​ ដើម្បីជួយរក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ។

អង្គការ​ផ្កាយ​សមុទ្រ ​គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​មួយ ដែល​ប្ដេជ្ញា​ចិត្ត​ជួយ​កសាង​ជីវិត​ដ៏​ល្អ ប្រសើរ​ និង​ត្រចះត្រចង់​ ដោយ​ផ្តល់​លទ្ធភាព​ស្មើរ​ៗ​គ្នា​ក្នុង​ការ​អប់រំ សេវា​ថែទាំ​សុខភាព ​និង​កីឡា ។ អង្គការ​ផ្កាយ​សមុទ្រ​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន​នៅ​ឆ្នាំ២០០៩ ក្នុង​គោល​ បំណង​នាំ​យក​ឱកាស​លេង និង​ហ្វឹកហាត់​កីឡា​ទៅ​ដល់​កុមារ និង​យុវជន​ក្រីក្រ​ជាច្រើន ​។ 

ក្រោម​កិច្ច​សហការ​ជិត​ស្និត​ជាមួយ​នឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំមួយ AIA Cambodia ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក អង្គការ​ផ្កាយ​សមុទ្រ​បាន​កំ​ពុង​តែ​ផ្តោត​លើ​ការ​បង្កើន​ការ​ចូលរួម លេងបាល់ទាត់ ដោយ​ពង្រីក​វិសាល​ភាព​នៃ​ព្រឹតិ្តការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន ។ ឆ្នាំ២០២២ នេះ ​គឺ​ជា​ឆ្នាំ​ដំបូង​ហើយ ដែល​ដៃគូ​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​សហការ​រៀបចំការ​ប្រកួត​បាល់ទាត់ នេះ​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា​ដូចជា​៖ ក្រុង​កំពត ក្រុង​សៀមរាប និង​ខេត្ត​កំពង់​ស្ពឺជា​ដើម ។ ដោយ​វត្តមាន​កុមារ និង​យុវជន​ចូល​រួមជិត ២,០០០នាក់ ព្រឹត្តិការណ៍​ប្រកួត​វិលជុំ​នេះ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ក្នុង​សកម្មភាព​កីឡា​សម្រាប់​កីឡា​ការនី​ជិត ៧២៥នាក់ ។  

អ្នកស្រី ​Donna-Maria Cullen ​នាយក​ប្រតិបត្តិ​របស់​ក្លឹប​បាល់ទាត់ ​Tottenham Hotspur ​បាន មាន​ប្រសាសន៍​ថា៖ “ពួក​យើង​មាន​មោទនភាព​យ៉ាង​ធំធេង ដែល​បាន​រួម​សហការ​ជាមួយ​នឹង​ដៃគូ​ដ៏​ល្អ​គឺ​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុជីវិត AIA ដែល​បាន​ណែនាំ​ពួកយើង​ឲ្យ​បាន​ស្គាល់​ពី​ការងារ​របស់ អង្គការ​ផ្កាយ​សមុទ្រ ដែល​យើង​បាន​ឃើញ​ថា​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​បាន​បង្កើត​ឲ្យ មានការ​ផ្លាស់​ប្តូរ​យ៉ាង ពិត​ប្រាកដ​ដល់​ជីវិត​កុមារ និង​យុវជន​ក្រីក្រ​ជាច្រើន»។

លោក​ស្រី ជួប វិច្ឆិកា ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្របាន​ឆ្លុះ​បញ្ជាំង​អំពី ព្រឹត្តិការណ៍​ប្រកួត​វិល​ជុំ​ឆ្នាំនេះ ក៏​ដូច​ជា​ផល​វិជ្ជមាន​នៃ​ការ​ប្រកួត​នេះ​ថា៖ “ ដោយ​ពង្រីក​វិសាលភាព​នៃ ការប្រកួតនេះ ពួក​យើង​បាន​នាំ​យក​ឱកាស​ប្រកួត​ប្រជែង​បាល់​ទាត់​ទៅ​ដ​ល់​កុមារ និង​យុវជន​ជាច្រើន នៅ​ក្រុង​កំពត ក្រុង​សៀមរាប និង​ខេត្ត​កំពង់ស្ពឺ ​ដែល​នេះ​ក៏​ជា​ឱកាស​ដំបូង​បង្អស់​សម្រាប់​ពួកគេ​ទៀត​ផង ។ ស្នាម​ញញឹម សំឡេង​ហ៊ោកញ្ជ្រៀវ ​និង​ស្មារតី​ស្រលាញ់​កីឡា​របស់​កីឡាករ ​កីឡា​ការនី​ទាំង​ អស់​គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន​ AIA - ISF Youth League នេះ​បាន​ជួយ​លើក​កម្ពស់ និង​ផ្តល់​ឱកាស​ដល់​កុមារ ​និង​យុវជន​ជា​ច្រើន​ ដែល​រង​ផល ​ប៉ះ​ពាល់​ដោយសារ​តែ​ភាព​ក្រីក្រ​ ការ​រើសអើង​យេនឌ័រ និង​ពិការភាព​ជាដើម ហើយ​ខ្ញុំ​ពិត​ជា​មាន​ ក្តី​សោមនស្ស​យ៉ាងខ្លាំង ​ដែល​បាន​ឃើញ​ពី​ភាព​រីក​ចម្រើន ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៃ​សហគមន៍​នានា​ ទូ​ទាំង​ប្រទេស​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ផងដែរ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច ​សហការ​ដ៏​យូរអង្វែង​ជាមួយ​នឹង​ក្រុមហ៊ុន ​AIA Cambodia ។ តាម​រយៈ​កិច្ច​គាំទ្រ​របស់​ក្រុមហ៊ុន​នេះ អង្គការ​ផ្កាយ​សមុទ្រ​អាច​ធ្វើការ​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន​ ក៏​ដូ​ច​ជា បន្ត​បេសកកម្ម​របស់​ពួក​យើង​ក្នុង​ការ​កសាង​ជីវិត​ដ៏​ល្អ​ប្រសើរ​សម្រាប់​កុមារ និង​យុវជន​ទាំង​នោះ​ ”។

លោក​ស្រី​បន្ថែម​ថា កម្មវិធី​លើក​នេះ​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ឡើយ​បើសិន​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី AIA នេះ​ជា​ឆ្នាំ​ទី​៥ ហើយ​ដែល AIA បាន​ជួយ​ដល់​អង្គការ​ផ្កាយ​សមុទ្រ។ ជា​មួយ​គ្នា​នោះ​ពី​ខាង ក្លឹប​ Tottenham Hotspur ​បាន​នាំ​យក​ថវិកា​ចំនួន ៤ ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ជួយ​ទ្រទ្រង់​ដល់ អង្គការ​ផ្កាយ​សមុទ្រ​។ ក្នុង​ឱកាស​នោះ​​លោក​ស្រី​ពិត​ជា​បាន​ថ្លែង​អំណរគុណ​ទាំង​អស់​រាល់​អ្នក​ដែល​ពាក់ព័ន្ធ​។​

ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​នេះ​នឹង​ទទួល​ស្វាគមន៍​វត្តមាន​ក្រុម កីឡាករ-​​កីឡា​ការនី​ទៅ​តាម​ប្រភេទ​អាយុ​ចំនួន ៤​ រួម​​មាន​ដូចជា៖ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និង​ក្រោម ១៤ឆ្នាំ ក្រុម​កុមារី​អាយុ​ក្រោម ១៤ឆ្នាំ និង​ក្រោម ១៨ឆ្នាំ ។

លទ្ធផល​៖

  • U18 Girls League Champion ៖ លេខ​១​បាន​ទៅ Feeding Dream (សៀមរាប​), លេខ​ ២ បាន​ទៅ​សហគមន៍​បាល់ទាត់​កំពង់​ស្ពឺ​ (ខេត្ត​កំពង់ស្ពឺ​), លេខ​៣​បាន​ទៅ អង្គការ​​ផ្កាយ​សមុទ្រ​ស្ទឹងមានជ័យ​។

  • U14 Boys League Champion ៖ លេខ​១ បាន​ទៅ ឃីង ឡាយ​ អិន (​កំពង់​ស្ពឺ​)​, លេខ​២​​បាន​ទៅ​ សាលា​បឋម​សិក្សា​កំពូល​មាស (ខេត្ត​កំពត​), ​សាលា​បឋម​សិក្សា​ ពញាពន់ (ភ្នំពេញ​)។

  • U14 Girls League Champion ៖ ​លេខ​១​បាន​ទៅ​ ផ្លូវ​ជីវិត​ United 1 (ខេត្ត​សៀមរាប), លេខ ២ បាន ទៅ​ សាលា​បឋម​សិក្សា​ កំពូល​មាស (ខេត្ត​កំពត​), លេខ​៣​បានទៅ​កូន​នាគ​វត្តភ្នំ​ (កំពង់​ស្ពឺ​) ។

  • U10 Boys League Champion ៖ សាមគ្គី​​មាន​ជ័យ​កូន​នាគ​ជាយដែន SK (បាត់ដំបង​), លេខ​២​បានទៅ​នគរ​ក្រៅ (សៀមរាប) និង​លេខ​៣​បាន​ទៅ ឌី ធី អេហ្វ ស៊ី (កំពង់​ស្ពឺ​) ៕​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់