- 2018-03-01 06:21:11
- បាល់ទាត់
សង្គ្រាមប្រជែងពាននៅលីគធំៗនៅអឺរ៉ុប៖ លីគ២ កំពុងក្ដៅគគុក ឯ៣ទៀតហាក់ជិះសេះលែងដៃ
- 2018-03-01 06:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមប្រជែងពាននៅលីគធំៗនៅអឺរ៉ុប៖ លីគ២ កំពុងក្ដៅគគុក ឯ៣ទៀតហាក់ជិះសេះលែងដៃ
ចន្លោះមិនឃើញ
គិតមកទល់ពេលនេះ ក្នុងចំណោមលីគធំទាំង ៥នៅអឺរ៉ុប មានពីរកំពុងតែមានភាពស្វិតស្វាញរវាងក្លឹបលេខ ១ និងលេខ ២ ខណៈ ៣ទៀត ក្លឹបកំពូលតារាងកំពុងវ៉ាដាច់យ៉ាងតិចចំនួន ១៣ពិន្ទុ។
ក្នុងលីគកំពូលអ៊ីតាលី ក្លឹប Napoli (លេងបាន ២៦ប្រកួត) កំពុងនាំមុខ ក្លឹប Juventus (លេងបាន ២៥ប្រកួត) ត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ។ នេះមានន័យថា បើសិនជា ក្លឹបសេះបង្កង់អាចយកឈ្នះក្លឹបលេខ ៣ Lazio ក្នុងប្រកួតថ្ងៃអាទិត្យខាងមុខនេះ ក្លឹបនឹងកាត់បន្ថយគម្លាតពីក្លឹប Napoli មកត្រឹម ១ពិន្ទុ។ ការណ៍នេះនឹងធ្វើឲ្យការប្រជែងពានក្នុង Serie A កាន់តែស្វិតស្វាញ ខណៈនៅសល់ជាង ១០ប្រកួតទៀតមុនចប់រដូវកាល។
ថ្លែងពីលីគកំពូលអេស្ប៉ាញ ក្លឹប Barcelona (លេងបាន ២៥ប្រកួត) បានឃ្លាតពីក្លឹប Atletico Madrid (លេងបាន ២៦ប្រកួត) ត្រឹម ៤ពិន្ទុ។ ទោះជាយ៉ាងណា ក្លឹបអ្នកមានបុណ្យអាចមានឱកាសក្នុងគម្លាតពិន្ទុកើនដល់ ៧ពិន្ទុ បើសិនជាក្លឹបអាចបំបាក់ក្លឹប Las Palmas នាប្រកួតយប់នេះ។ ដូចនៅអ៊ីតាលីដែរ នៅសល់ជាង ១០ប្រកួតទៀតប៉ុណ្ណោះ រដូវកាលនេះនឹងបិទបញ្ចប់។
ដោយឡែកនិយាយពីលីគដែលក្លឹបកំពូលតារាងកំពុងនាំមុខឆ្ងាយវិញ Bundesliga ជាលីគដែលក្លឹបលេខ ១ Bayern Munichកំពុងនាំមុខពេញទំហឹងដល់ទៅ ១៩ពិន្ទុ ពីក្លឹបលេខ ២ Borrussia Dortmund ខណៈនៅសល់តែ ១២ប្រកួតទៀតប៉ុណ្ណោះមុនចប់រដូវកាល (បន្ទាប់ពីលេងបាន ២៤ប្រកួត)។ ដូច្នេះបើសិនជាគម្លាតពិន្ទុនៅតែរក្សាដដែលក្រោយ ៤ប្រកួតលីគទៀត Bayern នឹងលើកពាន។
មកមើលលីគ Ligue 1 របស់បារាំងវិញ PSG បាននាំមុខក្លឹបលេខ ២ Monaco ចំនួន ១៤ពិន្ទុ បន្ទាប់ពីលេងបាន ២៧ប្រកួត។ ដោយនៅ ១២ប្រកួតទៀតចប់រដូវកាល បើសិនជាគម្លាតនៅរក្សាដដែលនៅ ៨ប្រកួតខាងមុខ PSG នឹងលើកពានលីគកំពូលបារាំង។
ថ្លែងពី Premier League វិញ ក្លឹប Manchester City (លេងបាន ២៧ប្រកួត) កំពុងនាំមុខ ក្លឹបរួមទីក្រុង Manchester United ចំនួន ១៣ពិន្ទុ (លេងបាន ២៨ប្រកួត)។ ទោះជាយ៉ាងណា ក្លឹបយក្សផ្ទៃមេឃ អាចបង្កើនគម្លាតដល់ទៅ ១៦ពិន្ទុ បើសិនជាអាចយកឈ្នះ Arsenal នៅយប់នេះ។ ការណ៍នេះនឹងធ្វើឲ្យក្លឹបកាន់តែកៀកទៅនឹងការឈ្នះពាន Premier League ។ កាលពីដើមខែមុន អ្នកចាត់ការ Jose Mourinho របស់ក្លឹបបិសាចក្រហមបានប្រកាសពីការចុះចាញ់នូវការប្រជែងពានលីគកំពូលអង់គ្លេសរបស់ខ្លួន ដោយលោកបាននិយាយជាសាធារណៈថាគោលដៅរបស់ក្លឹប គឺសម្រេចបានចំណាត់ថ្នាក់លេខ ២ក្នុងលីគ។
សូមបញ្ជាក់ផងដែរ ក្នុងលីគកំពូលអ៊ីតាលី អេស្ប៉ាញ បារាំង និងអង់គ្លេស មួយរដូវកាលមាន ៣៨ប្រកួត ដោយសារមាន ២០ក្រុម។ ដោយឡែកនៅអាល្លឺម៉ង់ មានតែ ៣៤ប្រកួតប៉ុណ្ណោះ ដោយសារក្នុងលីគមានតែ ១៨ក្រុម៕