• 2016-12-01 01:04:54
  • ព័ត៌មាន

ទិវា​យានយន្ត​កម្ពុជា​មាន​ទាំង​យន្តហោះ​នឹង​រៀប​ចំ​លើក​ដំបូង​ដើម​ឆ្នាំ​២០១៧

  • 2016-12-01 01:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​យានយន្ត​កម្ពុជា​ដ៏​ធំ​​​នឹង​ត្រូវ​រៀប​ចំ​ជា​លើក​ដំបូង​នៅ​ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ​នៅ​អាកាស​យានដ្ឋាន​ខេត្ត​បាត់ដំបង​ដែល​ព្រឹត្តិការណ៍​ពិសេស​ថ្មី​នេះ​រៀប​ចំ​ឡើង​ដោយ​​សហព័ន្ធ​កូឡា​យានយន្ត​កម្ពុជា។

សន្និសិទ​សារព័ត៌មាន

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ម្សិល​មិញ​ លោក​ ហូរ សិទ្ធិគុណ​ ​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​ ទិវា​យានយន្ត​កម្ពុជា​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​។ ​យាន​យន្ត​ជា​ច្រើន​ប្រភេទ​ដែល​ត្រូវ​ចូល​រួម​​ដូច​ជា​យន្តហោះ​ប្រភេទ​ស្លាប​ធុន​តូច​ចាប់​ពី​ ៥​ទៅ​​១០​គ្រឿង​ចូល​រួម​ក្នុង​នោះ​​ឧទ្ធម្ភាគចក្រ​របស់​ក្រុម​ហ៊ុន​ Heli Star​ ​២​គ្រឿង រថយន្ដ​​ចំនួន​១០០​គ្រឿង​ ទោ​ចក្រយាន​យន្ដ​​១០០​គ្រឿង​ និង​ការ​បង្ហាញ​ផលិតផល​យាន​យន្ដ​ថ្មីៗ​ជា​ច្រើន​ទៀត។

លោក​ សិទ្ធិគុណ​ បន្ត​​ថា​ ​ពិធី​នេះ​​ក៏​មាន​​លោត​ឆត្រយោង​​ពី​ឧទ្ធម្ភាគចក្រ​មក​ដី។ ​ការ​បង្ហាញ​សមត្ថភាព​នៃ​ការ​បើក​យន្ដ​ហោះ ​​ការ​បើក​រថយន្ដ​ និង​ម៉ូតូ​។ ទន្ទឹម​ជា​មួយ​ សិស្ស​ និង​និស្សិត​ដែល​សិក្សា​នៅ​ខេត្ត​សៀមរាប​ និង​បាត់ដំបង​ នឹង​ត្រូវ​​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ផង​ដែរ​ដើម្បី​​ពង្រីក​ចំណេះ​ដឹង​ថ្មី​ពី​របៀប​ប្រើ​ប្រាស់​យន្ដហោះ​ រថយន្ត​ និង​ម៉ូតូ​។

លោក​ អនុ​ប្រធាន​សហព័ន្ធ​រូប​នេះ​​បន្ថែម​​ថា​ ថវិកា​ដែល​បាន​ពី​ព្រឹត្តិការណ៍​នេះ​គឺ​យក​ទៅ​ប្រើ​ប្រាស់​​ក្នុង​គោល​ដៅ​មនុស្ស​ធម៌​ដូច​ជា​ជូន​ដល់​មន្ទីរពេទ្យ​ និង​ជួយ​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

សហព័ន្ធ​យានយន្ត​កម្ពុជា​បាន​ជ្រើស​រើស​ប្រលាន​យន្ដ​ហោះ​ខេត្ត​បាត់ដំបង​​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ដោយ​សារ​ប្រលាន​​នេះ​​មិន​មែន​ជា​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ដែល​​មាន​សកម្មភាព​ ហោះ​ហើរ​​មមាញឹក​នោះ​ទេ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់