• 2022-12-16 05:35:55
  • ព័ត៌មាន

ប្រធាន FIFA៖ Club World Cup នឹង​ប្ដូរ​ទៅ​លេង​ទម្រង់ ៣ឆ្នាំ​ម្ដង

  • 2022-12-16 05:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់ក្លឹប​ពិភពលោក​ FIFA Club World Cup នឹង​ផ្លាស់ប្ដូរ​ទៅ​លេង​ក្នុង​ទម្រង់ ៣ឆ្នាំ​ម្ដង។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Gianni Infantino ប្រធាន​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ពិភពលោក ឬ ហៅ​កាត់​ថា FIFA នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ។

លោក​បាន​លើកឡើង​ថា ព្រឹត្តិការណ៍​ទម្រង់​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ២០២៥ ជាមួយ​នឹង​ក្រុម​ប្រកួត​ចំនួន ៣២ក្រុម។

យ៉ាងណាមិញ ផែនការ​លម្អិត​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ នៅ​តែ​មិន​ទាន់​ពិភាក្សា​ក្បោះក្បាយ​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ប្រធាន​ស្ថាប័ន​បាល់ទាត់​ពិភពលោក​រូប​នេះ។ លោក​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឱ្យ​ក្លឹប​បាល់ទាត់​ចម្រុះ​ជាតិសាសន៍ និង​ចម្រុះ​ទ្វីប​​នានា​លេង​ជាមួយ​គ្នា​ឱ្យ​បាន​ញឹកញាប់។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ទម្លាយ​ថា ប្រទេស​ម៉ារ៉ុក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍ Club World Cup ឆ្នាំ​២០២៣នេះ។

សូមជម្រាប​ផង​ដែរ​ថា Club World Cup ធ្លាប់​តែ​លេង​រាល់ឆ្នាំ ជាមួយ​នឹង​ក្រុម​ជើងឯក​ពាន​រង្វាន់​ប្រចាំ​ទ្វីប​ទាំង​អស់​នៅ​លើ​ពិភពលោក។ ជើងឯក​ឆ្នាំ​ចាស់​គឺ ក្លឹប Chelsea ខណៈ Club World Cup ឆ្នាំ២០២២នេះ នឹង​លេង​នៅ​ឆ្នាំ២០២៣៕

ប្រភព៖ standard ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់